Phnom Penh : ថ្ងៃព្រហស្បត៍ ទី ២៧ ខែមករា ឆ្នាំ ២០១១
Writen by Bobo:
តំាងពី បរុមបូរាណ រាប់ពាន់ឆ្នាំមក កសិករខ្មែរ បានធ្វើស្រែ ផ្អែកទៅ លើមេឃ ហើយ មកដល់ពេល នេះ កសិករខ្មែរ នៅតែធ្វើស្រែដោយពឹងផ្អែក លើមេឃ ដដែល បើទោះបី ជាប្រទេស ជិតខាងកម្ពុជា មានវៀតណាម និងថៃ ឈប់ធ្វើស្រែចំការផ្អែកលើ មេឃ នេះ អស់រយៈពេលជាយូរ មកហើយក្តី។
បញ្ហាកង្វះទឹកធ្វើស្រែ គឺជាបញ្ហាធំចម្បងបំផុតសំរាប់កសិករ ខ្មែរ ដែលជាអ្នកផលិត ដាំដុះដំណាំស្រូវ ។ របាយការណ៍ របស់វិទ្យាស្ថាន សាធារណៈរដ្ឋអន្តរជាតិ ( International Republican Institute ) ហៅកាត់ថា IRI បានបញ្ជាក់ថា ដីធ្លីធ្វើស្រែចំការ របស់អ្នកស្រុក ចំនួន ៨០% អត់មានប្រព័ន្ធស្រោចស្រព នោះទេ ។ តើ បញ្ហាកង្វះទឹក និង បញ្ហាកសិករ មានដីតូច សំរាប់ធ្វើស្រែចំការ ប៉ះពាល់ទៅ ដល់នយោបាយ នៃការនាំចេញ ស្រូវអង្ករ ទៅកាន់អន្តរជាតិ ឫ ទេ ?
( Rice field in Pursat)
កសិករ និង មន្ត្រីជំនាញផ្នែកកសិកម្ម និង មន្ត្រី បក្សប្រឆាំង មានថ្លែងស្រដៀងគ្នាថា កង្វះទឹក និង បញ្ហាកសិករខ្មែរ មានដីធ្លីតូច នឹងប៉ះពាល់ ទៅដល់នយោបាយ នៃការនាំស្រូវអង្ករចេញពីកម្ពុជា មិនខាន បើសិនជា មិនមានដំណោះស្រាយនោះទេ ។
នាយកប្រតិ្តបត្តិ នៃអង្គការ សេដាក់ លោក យ៉ាងសាំងកុមារ មានប្រសាសន៍ថា កសិករខ្មែរ ចំនួន ៧០% គឺ ជាកសិករ តូចតាច ដែលមានដីធ្លី ៣ ហិកតាចុះក្រោម ដូច្នេះ ពួកគាត់ និងមិនទទួលបាន នូវការរីកចំរើនផ្នែកជីវភាព នោះទេ បើសិនជា គ្មាននរយោបាយ ណាមួយ ក្នុងការគាំទ្រ នូវបច្ចេកទេស នៃការផលិត ឫ មានប្រព័ន្ធធារាសាស្ត្រ ត្រឹមត្រូវនោះ ។
លោក យ៉ង សាំងកុមារ ការធ្វើស្រែ នាពេលនេះ អាស្រ័យទឹកភ្លៀង ហើយ នៅពេលមានកូនរដូវប្រាំងមកដល់ ដំណាំស្រូវ របស់កសិករ ត្រូវរងនូវការប៉ះពាល់ ដោយសារតែ អត់ទឹក ស្តុក ដើម្បី សង្គ្រោះ កុំថាឡើយ និយាយពី ទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែប្រាំងនោះ ។
អ្នកជំនាញផ្នែកកសិកម្ម រូបនេះ បញ្ជាក់ថាវាប្រាកដណាស់ កង្វះទឹកធ្វើស្រែ នឹងនាំប៉ះពាល់ដល់ការផលិត ហើយ វាក៍ ប៉ះពាល់ទៅ ដល់គំរោងនៃ ការនាំស្រូវអង្ករ ចេញពី កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ៖.......
( វានឹងប៉ះពាល់ដល់ការផលិត វាមានការប្រថុយប្រថានខ្ពស់ ពេលណា ភ្លៀងធ្លាក់ច្រើនទៀងទាត់ទៅ វាបានផលល្អ ពេលណាអត់ទៅ ។ និយាយជារួមខ្ញុំចង់និយាយថា ស្រុកខ្មែរ មានសក្តានុពល ជាច្រើន ក្នុងការធ្វើប្រព័ន្ធធារាសាស្រ្តគ្រប់ទីកន្លែង ។ យើងមានភ្លៀងធ្លាក់ច្រើនណាស់ កន្លែងខ្លះ មានដល់ ១ពាន់ មល សំខាន់យើងត្រូវ មាននយោបាយគ្រប់គ្រងទឹក )
ការស្រាវជ្រាវថ្មីមួយ របស់វិទ្យាស្ថាន សាធារណៈរដ្ឋអន្តរជាតិ ហៅកាត់ថា អាយអអាយ IRI បានឲ្យដឹងថា កសិករខ្មែរ ចំនួន ៧៣% ប៉ុណ្ណោះ មានដីស្រែចំការផ្ទាល់ខ្លួន ប៉ុន្តែ ២៧% ទៀតគ្មានដីស្រែចំការធ្វើ នោះទេ ។ ក្នុងចំណោមកសិករខ្មែរ ដែលមានដីធ្លី ទាំងនោះ កសិករខ្មែរ ចំនួន តែ ១% ប៉ុណ្ណោះ ដែលមានដី ចាប់ពី ១០ហិកតាឡើងទៅ ។ ហើយ នៅសល់ ៧០% ទៀតមានដី ចាប់ពី ៣ ហិកតាចុះក្រោម ខ្លះ មាន ២ ហិកតា ខ្លះ មានដី ជាង ១ ហិកតា ខ្លះទៀត មានដី កន្លះហិកតា និង ១០ ទៅ ២០ អា ជាដើម ។
របាយការណ៍ ដដែលនេះ បញ្ជាក់ថា ៨១% នៃកសិករខ្មែរ គឺជាអ្នក ផលិតនូវ ដំណាំស្រូវ ហើយក្រៅពី នោះ គឺ ដាំនូវ ដំណាំផ្សេងៗទៀត ដូចជា ពោតសណ្តែក ដំឡូង កៅស៊ូ ជាដើម ។
ហើយ ក្នុងការដំាដុះដំណាំស្រូវនេះ ដីស្រែ របស់អ្នកស្រុក ៨០% គ្មានទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពឡើយ ។ ដូចជា នៅប៉ែក ខាងកើតនៃប្រទេសកម្ពុជា មានការខ្វះប្រព័ន្ធស្រោចស្រព ចំនួន ៨១% ហើយ នៅតំបន់ប៉ែក ខាងលិច ដូចជា បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ព្រះវិហារ មិនមានប្រព័ន្ធស្រោចស្រព ស្ទើរតែ ៩០% ។
កសិករ ម្នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រៀបរាប់ថា នេះ គឺជាបញ្ហាប្រឈមមុខខ្លាំងណាស់សំរាប់អ្នកស្រែ ៖......
( បញ្ហាដែលធ្វើស្រែ ចំពោះ បញ្ហាទំនិញវាធម្មតាទេ ថ្លៃថោកតាមឆ្នាំ ដូចជី ដូចអី ប៉ុន្តែបញ្ហា ទឹក វាអត់ទាន់មាន បាទ គឺចាំតែទឹកភ្លៀងមួយមុខ ឆ្នាំណារាំង អត់ គឺចាំមើលតែទឹកភ្លៀង អត់មានបានស្រោចស្រព )
តំណាងរាស្ត្រ គណៈសមរង្ស៊ី លោក សុន ឆៃ បានរិះគន់ថា ក្រសួងធនធានទឹក បានចាយលុយ អស់ជាច្រើន លានដុល្លារ ក្នុងការ ជីកប្រឡាយ ដែលអត់មានទឹក និងខ្លះទៀត មានទឹកតិចតួចនៅ បាត ប្រឡាយត្រូវការបូម ។ ប្រឡាយទាំងនោះ ទៀតគឺ ជាច្រើនជាប្រឡាយមេ ពុំប្រឡាយ បំបែកតូចៗ ចូលស្រែសំរាប់កសិករ នោះទេ ដែលនាំកសិករជួប នូវបញ្ហា ។
លោក សុនឆៃ បន្ថែមថា កង្វះទឹកមិនអាច ធ្វើឲ្យការផលិត កើនឡើងរួចទេ ហើយប្រកានេះ បាន ជះឥទ្ធិពលទៅដល់ការផលិត របស់កសិករ ៖...
( ការចាយលុយនៃវិស័យធនធានទឹក មិនត្រូវតាមបច្ចេកទេស ដែលនាំកសិករយើង ៩០% នៅតែអត់ប្រព័ន្ធធារាសាស្ត្រ យើងឃើញហើយរដូវស្ទូងម្តងៗ ចាំមើលមេឃ មេឃអត់ភ្លៀង អត់ទឹក ព្រោះមិនកើត ព្រោះហើយអត់ទឹកស្ទូង ។ វាចាំបាច់ត្រូវមានប្រព័ន្ធធារាស្ត្រ ដែលវា យ៉ាងហោចណាស់ មានទឹក អាចព្រោះ បានទាន់ពេលវេលា នេះជាចំណុចខ្វះខាត របស់រដ្ឋាភិបាលផ្នែក ប្រព័ន្ធធារាសាស្ត្រ ធ្ងន់ធ្ងរដែរ )
ទន្ធឹមគ្នានិង ការព្រួយ របស់អ្នកជំនាញផ្នែក កសិកម្ម ថា កង្វះទឹក សំរាប់ធ្វើស្រែ និងបញ្ហា កង្វះដីធ្លី សំរាប់កសិករ ប៉ះពាល់ទៅ ដល់បរិមាណ និង គុណភាព និង ស្ថេរភាព នៃការផលិត ដំណាំស្រូវ ក៍ដូច ជះឥទ្ធិពលអាក្រក់ទៅដល់ គោលដៅនៃការនាំចេញ ស្រូវ អង្កររបស់កម្ពុជាដែរនោះ ប៉ុន្តែ
ប្រធានក្រុមហ៊ុន ខ្មែរហ៊្វូត លោក គឹម សាវុធ អះអាងថា លទ្ធផលនៃការផលិតមានការកើនឡើង ដូចកាំជណ្តើរ មួយរយៈចុងក្រោយនេះ ដូច្នេះលោក គិតថា គ្មានបញ្ហាទេ សំរាប់ការនាំចេញនោះ ៖...
( អីចឹង បើកាលណា ដូចកំាជណ្តើរខ្ញុំគិតថា អត់មានប៉ះពាល់ដល់ការនាំចេញ នោះទេ )
លោក ងិនឆាយ ប្រធាននាយកដ្ឋានផ្នែកដំណាំស្រូវ ពន្យល់ថា ការនាំចេញស្រូវបានសំដៅ ទៅលើ លទ្ធផល នៃផលស្រូវ ដែលសល់ច្រើន ក្នុងមួយឆ្នាំៗ ។ ថ្វី បើបញ្ហាទឹកជាបញ្ហាចំម្បង សំរាប់ការផលិត ប៉ុន្តែ បញ្ហាធំ មួយទៀតដែល គេកំពុងដោះស្រាយ គឺ បញ្ហា កសិករ អត់មានទីផ្សារ ហើយ និងតំលៃ ផលិតផល គ្មានស្ថេរភាព នៅឡើយ ៖
( មិនជាបញ្ហាចោទទេ ចំពោះ បរិមាណស្រូវ ប៉ុន្តែបើសិនជាយើងមានប្រព័ន្ធធារាស្ត្រកាន់តែច្រើន យើងនឹងផលិតស្រូវ សល់កាន់តែច្រើន តែបញ្ហាយើងចោទសព្វថ្ងៃ គឺបញ្ហាប្រជាជនផលិតបានហើយ យកទៅលក់នៅ ឯណា ឫ ក៍ថា ឈ្មួញឲ្យថ្លៃ វាទាប )
កម្ពុជា បានគ្រោងថា នឹងនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន ១ លានតោន ក្នុងមួយឆ្នាំ នៅគ្រាដែល កម្ពុជាចូលខ្លួនទៅក្នុងសមាហរណកម្មអាស៊ាន នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ។
ជាមួយគ្នានេះ ទឹកប្រាក់ចំនួនប្រហែល ២៤លានដុល្លារប៉ុណ្ណោះ នឹងត្រូវគេចំណាយទៅលើក្រសួងកសិកម្ម និង១០លានដុល្លារទៀត ត្រូវចំណាយទៅលើក្រសួងធនធានទឹកនៅក្នុង កញ្ចប់ថវិកាជាតិ ឆ្នាំ ២០១១ ចំនួនប្រហែល ២៥០០លានដុល្លារសហរដ្ឋអាមេរិក ។
អ្នកជំនាញផ្នែកកសិកម្ម បានផ្តល់យោបល់ ឲ្យមាន ការដោះស្រាយ បញ្ហាប្រឡាយទឹកជាចម្បងនៅខណៈនេះ ដែលមានការសាងសង់ ហើយ ប៉ុន្តែអត់មានទឹក រួម និងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់កសិករ ប្រយោជន៍ កសិករ តូចតាច បានទទួល នូវផលប្រយោជន៍ ពី គំរោងនៃការនាំចេញ អង្ករចេញ ។
No comments:
Post a Comment