Thursday, January 20, 2011

Gap between the poor and the rich in Cambodia


Phnom Penh: ថ្ងៃសុក្រ ទី ៧ ខែមករា ឆ្នាំ ២០១១
Writen by Bobo:

 
នៅឱកាសប្រារព្ធ ទិវាជ័យជំនៈថ្ងៃ ៧ មករា គណៈបក្សប្រជាជនកម្ពុជា បានលើក បង្ហាញនូវសមទ្ធិផលជាច្រើន ក្នុងនោះ មានការ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ។ជាមួយគ្នានិងមោទភាពនេះ សង្គមស៊ីវិល និងមន្ត្រីបក្សជំទាស់វិញ បាននាំគ្នា បារម្ភអំពី គំលាត រវាងអ្នកក្រីក្រ និង អ្នកមាន ដែលកំពុងតែរីកធំធាត់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។


               ( Poor villagers in Takeo province are looking for the red ant to sell )


មន្ត្រីជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជាបាន ឲ្យដឹងថា អត្រាភាពក្រីក្រ បានធ្លាក់ចុះ មកនៅត្រឹម ២៦% ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១០ នេះ ។

មានសាសន៍ នៅក្នុងថ្ងៃ ៧ មករា ឆ្នាំ ២០១១ ប្រធានគណៈបក្សប្រជាជនកម្ពុជា និង ជា ប្រធានព្រិទ្ធសភា លោកជាស៊ីម បានអះអាងថា ថ្ងៃ៧ មករា នាំមកនូវ សមិទ្ធជាច្រើន ដូចជា ការរក្សារសេ្ថរភាព នយោបាយ ការរក្សាបូរណៈភាព ទឹកដី និងជាពិសេសនោះ គឺ ការនាំ មកនូវកំណើនសេដ្ឋកិច្ច និងជោគជ័យ នៅក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ។

លោក ជាស៊ីម បញ្ជាក់ថា អត្រានៃភាពក្រីក្រ ដែល កាលពីឆ្នាំ ១៩៩៣ មានចំនួន ៤៧% បានធ្លាក់ចុះ មកនៅ ៣០% នៅក្នុងឆ្នាំ ២០០៧ ហើយបានចុះ មកនៅ ត្រឹម ២៦% នៅក្នុងឆ្នាំ ២០១០ ហើយ គេបានកាត់បន្ថយ ភាពក្រីក្រ បានជាង ១% ក្នុងមួយឆ្នាំៗ ។ លោក មានប្រសាសន៍ សង្កត់ធ្ងន់ ទៅលើ ជោគជ័យថ្ងៃ ៧ មករាដែល នាំមានសមិទ្ធផល ទាំងនេះដូច្នេះ បន្តទៀត ៖.........
( លទ្ធផលកំពុងតែ ពង្រីកបាន នូវភាពអនុគ្រោះ ដល់ការអនុវត្តន៍ ផែនការណ៍ យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ ជាតិនៅឆ្នាំ ២០១១ នេះ ឲ្យសំរេចបាន នូវជោគជ័យ បន្ថែមទៀត )
កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១០កន្លងទៅ លោកនាយករដ្ឋមន្ត្រីក៍ធ្លាប់ បាន​ប្រកាស​ថា កម្ពុជា​ជា​ប្រទេស​មាន​ភាព​ជោគជ័យ​ក្រោយ​ពី​សង្គ្រាម ។ ​កាល​ពី​ឆ្នាំ​១៩៩៣ ផលិតផលសរុបនៅ​ក្នុង​ស្រុក (GDP) មាន​តែ​ប្រមាណ​២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​ឡើង​ទៅ​ដល់ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៩។ ការថ្លែងអំពី មោទនភាព របស់ មន្ត្រីកំពូលៗ គណៈបក្សប្រជាជនកម្ពុជា ពុំត្រូវ អ្នកសេដ្ឋកិច្ច បដិសេធឡើយ ។

ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់សុផល បានអត្ថាធិប្បាយថា កំណើនសេដ្ឋកិច្ច ជាតិ ក៍ដូចជាការកាត់បន្ថយនូវភាព ក្រីក្រ ពិតជា ទទួលបាន យ៉ាងពិតប្រាកដមែន បើប្រៀបធៀបទៅ នឹង ក្រោយរបបខ្មែរ ក្រហម ឆ្នាំ ១៩៧៩ ដែលកម្ពុជាទើបតែងើបចេញ ពី របបពិឃាតនោះ ។

លោក ចាន់សុផល ឲ្យដឹងទៀតថា គេឃើញ មានហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ មានអាគា និងផ្ទះសម្បែងជាច្រើន នៅទីក្រុងភ្នំពេញ មានរថយន្តទំនើប ប៉ុន្តែ អ្វី ដែលបានកើតឡើង នៅគ្រានោះដែរ គឺ ធនធានធម្មជាតិ របស់កម្ពុជា បានធ្លាក់ចុះ ថមថយ មិនសំបូរបែប​ដូចមុនឡើយ។

នៅក្នុង អំណួត របស់គណបក្សប្រជាជន ជុំវិញ ថ្ងៃ ៧មករា ស្តីអំពី ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច អ្នកវិភាគសេដ្ឋកិច្ច រូបនេះ បាននិយាយ គំលាតរវាងអ្នកក្រ និង អ្នកមាន កំពុងតែកើងឡើង ធំធេង ដោយសារតែ ការមិនទទួលបាននូវការ ស្មើភាពគ្នា នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ។ លោក បានព្រមានថា គំលាតនេះ នឹងនាំកម្ពុជា ជួបនូវវិបត្តិ បើសិនជាគ្មានការដោះស្រាយនោះទេ៖......

( រឿងគំលាតធំនេះ យើងមានការបារម្ភ គឺខ្លាចតែ ទៅថ្ងៃមុខទៅ ការរីកចំរើនមិនប្រកបដោយសមធម៍ អីចឹងខ្លាចតែ កំណើនមិនកើនបានយូរ នៅទ្រឹង ឯប្រជាជន មួយក្រុមតូចចេះ តែមាន )

ប្រជាជនខ្មែរដែលរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ ត្រូវបានគេវាយតំលៃ ទៅលើ ប្រជាជនដែលរកប្រាក់ចំនូល បានទាបជាង ១ ដុល្លារ ក្នុងមួយថ្ងៃ ។ មកដល់ពេលនេះ
នៅមិនទាន់ មានប្រភពណា ច្បាស់លាស់ ដែលបង្ហាញថា ក្រុមអ្នកមាននៅកម្ពុជា មានប៉ុន្មានភាគរយ ហើយ អ្នកក្ររស់នៅក្រោម បន្ទាត់នៃភាព ក្រីក្រ និង អ្នករស់នៅ លើបន្ទាត់នៃភាពក្រីក្រ និង អ្នកមានការហូបចុក សមរម្យ មានប៉ុន្មានភាគរយនៅឡើយទេ ក្នុងចំណោម ប្រជាជនខ្មែរសរុប ប្រហែល ១៣ លាន ៤សែននាក់នោះ ។

អ្នកតំណាងរាស្ត្រ គណៈបក្សប្រឆាំងសមរង្ស៊ី លោកស្រី មូរសុខហួរ ថ្លែងថា អ្នកក្រីក្រ ជាច្រើនលាននាក់ ក្នុងនោះ មានមន្ត្រីរាជការ ប៉ូលីសទាហាន កម្មករ និង កសិករ ផងដែរ ដែលមានប្រាក់ចំណូល បានមិនដល់ ៣០ ដុល្លារផងក្នុងមួយខែ ។ ហើយក្រៅពីនោះ ទៀត នៅមានករណីប្រជាពលរដ្ឋ បាត់បង់ដីធ្លី នៅបឹងកក់ រាប់ពាន់គ្រួសារ ករណី ពលរដ្ឋ នៅខេត្ត រតនៈគីរីមណ្ឌលគីរី តាកែវ កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ កំពង់ឆ្នាំង ក្រុងព្រះស៊ីហនុ កោះកុង ដែលកំពុងតែប្រឈមមុខ និងការគ្មានប្រាក់ចំនូល។

អ្នកស្រី មូរសុខហួរ បានបញ្ជាក់ថាអ្នកក្រីក្ររាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា បានរស់នៅខុសប្លែកគ្នាឆ្ងាយអំពី ជីវភាពរបស់ក្រុមអ្នកមាន ហើយដែលក្រុមអ្នកមានទាំងនោះ ត្រូវបានគេប្រៀបធៀប ទៅក្រុមមន្ត្រីរាជការដូចគ្នាប៉ុន្តែ មានយសសក្តិ និងអំណាច ដែលមានប្រាក់បៀវត្តន៍ ប៉ុន្មានរយដុល្លារក្នុងមួយខែ ប៉ុន្តែមានទ្រព្យសម្បត្តិ ស្តុកស្តម ៖.....

( យើងមើលប្រាក់បៀវត្តន៍ របស់អគ្គនាយក ប្រាក់បៀវត្តន៍ គាត់មានកំរិតប៉ុន្មានយើងដឹង ពី ២០០ ទៅ ៣០០ដុល្លារ ឫ ៥០០ ដុល្លារអស់ច្រើនហើយ យើងមើលថា តើគាត់បើក រថយន្តអ្វី តើផ្ទះវិឡាគាត់មានប៉ុន្មាន យើងមើលដីធ្លី របស់គាត់មានប៉ុន្មានរយ ប៉ូន្មានពាន់ហិកតា ?

លោក យ៉ែម បុញ្ញារិទ្ធិ អ្នកតំណាងរាស្ត្រ គណៈបក្សសិទ្ធិមនុស្ស បញ្ជាក់បន្ថែមថា និង ប្រជាជនប្រហែល ៥០% មានជីវភាពគ្រប់គ្រាន់ល្មម ប៉ុន្តែ ៣០ % រស់នៅខ្វះមុខខ្វះក្រោយ ហើយមានក្រុមមន្ត្រីអ្នកមានអំណាចប្រហែល ១០% ទៅ ២០% កំពុងរស់នៅក្នុង វិមានស្កិមស្កៃ និងមានប្រាក់កាស វាល់លាន ។

លោកតំណាងរាស្ត្រ រូបនោះ ចោទថា ការមានបានរបស់ក្រុមអ្នកមាន ទាំងនោះ បានមកអំពី អំពើពុករលួយ ៖...

( គំលាតរវាងអ្នកក្រនិង អ្នកមាន អ្នកដែល លក់ទ្រព្យសម្បត្តិរដ្ឋ ឫ ក៍ជួល កោះបឹង ឲ្យឩកញ្ញានេះ ឩកញ្ញានោះ ដើម្បី បានផលចំណេញ មានតិចតួចមែនទែន )

របាយការណ៍ របស់ធនាគាពិភពលោក នាឆ្នាំ ២០០៧ បានបង្ហាញថា អ្នករស់នៅស្រែចំការ មានជិត ៤០% ជាអ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ រី អ្នករស់នៅ ទីក្រុងភ្នំពេញ ក្រោម ៥% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ។

បាយ​ការណ៍​របស់ធនាគាពិភពលោកដដែល ក៍ បាន​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០០៧ មិន​បាន​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​មាន​គំលាត​ចំណូល​រវាង​អ្នក​នៅ​ទីក្រុង​ភ្នំពេញ និង​អ្នក​នូវ​ជនបទ។

ថ្វីបើអ្នករស់នៅ ក្រោមបន្ទាត់នៃ ភាពក្រីក្រ បានធ្លាក់ចុះ មែន គិតមកទល់ពេលនេះ ប៉ុន្តែ អ្នកវិភាគសេដ្ឋកិច្ច បានបញ្ជាក់ថា គំលាតរវាងអ្នកក្រីក្រ និងអ្នកមាន កាន់តែរីកធំធាត់ទៅវិញ ។


No comments:

Post a Comment